អ្នកគាំទ្រថតបានសកម្មភាព Messi អូសបាល់បញ្ជូនឲ្យមិត្ដរួមក្រុមស៊ុត មើលហើយពិតជាភ្ញាក់ផ្អើល

អ្នកគាំទ្រម្នាក់ ដែលអង្គុយក្បែរទីលានប្រកួត បានថតនូវសកម្មភាពដែល Lionel Messi អូស និងបណ្ដើរបាល់រហូតអាចបញ្ជូនឲ្យមិត្ដរួមក្រុមស៊ុតបញ្ចូលទី ក្នុងការប្រកួតកាលពីយប់មិញ។

Lionel Messi បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួតដែលអាហ្សង់ទីន យកឈ្នះក្រូអាត ៣-០ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ World Cup ជាលើកទី៦ ក្នុងប្រវត្ដិសាស្រ្ដ ខណៈម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យនេះ ស៊ុតប៉េណាល់ទី១គ្រាប់ និងបញ្ជូន១គ្រាប់ផងដែរ។

យ៉ាងណាក្ដី ទោះអាហ្សង់ទីនអាចនាំមុខដល់ទៅ ២គ្រាប់នៅតង់ទី១ ក៏ពិតមែន ក្រុមជើងឯកពិភពលោក២សម័យនេះ ក៏មិនបញ្ឈប់ត្រឹមនេះដែរ ដោយគ្រាប់បាល់ទី៣នោះ Messi បានបណ្ដើរ អូស និងទាញចង្កេះខែ្សការពាររបស់ក្រូអាត មុនបញ្ជូនឲ្យមិត្ដរួមក្រុម Alvarez ស៊ុតបញ្ចូលទី ខណៈសកម្មភាពនោះ ក៏បានថតជាប់ដោយអ្នកគាំទ្រម្នាក់ដែលអង្គុយក្បែរនោះដែរ។

អាហ្សង់ទីន នឹងត្រូវរងចាំមួយក្នុងចំណោម២ក្រុម ពោលគឺម៉ារ៉ុក ឬបារាំង ដើម្បីប្រកួតផ្ដាច់ព្រ័ត្រដែលនឹងធើ្វឡើងនៅថៃ្ងអាទិត្យនេះ ខណៈការប្រកួតរវាងក្រុមទាំង២ នឹងធើ្វឡើងនៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត៕

ប្រភព៖ Sportbibble