លោក Rafa Benitez អ្នកចាត់ការទូទៅថ្មីថ្មោងរបស់ក្រុម Everton បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dominic Calvert-Lewin ។ កីឡាករ អង់គ្លេស រូបនេះបានបង្ហាះសមត្ថភាពដ៏ល្អពូកែរបស់ខ្លួននាអំឡុងពេលដែលរូបគេឋិតនៅក្រោមការគ្រប់គ្រងរបស់អតីតគ្រូបង្វឹក Carlo Ancelotti ហើយក៏នឹងរំពឹងថាអាចបន្តការរកបានឱកាសជាកីឡាករជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Benitez នៅរដូវកាលថ្មីនេះ។

Rafa Benitez ដែលជាអតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool បានប្តេជ្ញាចិត្តថានឹងឈ្នះលើទឹកចិត្តអ្នកគាំទ្រនិងអាចជម្រះភាពមន្ទិលសង្ស័យអំពីសមត្ថភាពរបស់លោកដែលបានត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League សាជាថ្មី។
លោក Benitez ក៏បាននិយាយទាក់ទងទៅនឹងតារាបាល់ទាត់របស់ក្លិបគឺកីឡាករ Richarlison និង James Rodriguez ដែរថា “អ្នករាល់គ្នាដឹងថាក្លឹបនេះបានចំណាយប្រាក់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូច្នេះមានន័យថាអ្នកត្រូវតែគោរពតាមការចាយវាយឱ្យសមរម្យទៅនឹងចំណូលហិរញ្ញវត្ថុរបស់ក្លិប។ ប្រសិនបើអ្នកមានកីឡាករដែលមានប្រាក់ខែច្រើនដែលជាធម្មតាមិនសូវបានលេង នោះអ្នកនឹងចង់រកដំណោះស្រាយអ្វីមួយថ្មី”។

លោកក៏បានបន្តឱ្យដឹងដែរថា កីឡាកររបស់ក្លិប ស្ករគ្រាប់ Everton នៅពេលនេះពុំចាំបាច់មានការរុះរើនោះទេ ក៏ប៉ុន្តែលោកក៏មិនបដិសេធនូវការទិញកីឡាករយកមកបន្ថែមទៀតដែរ។